Rooney ថា នៅពេល Man UTD លេងម្តងៗមានតែ ៣នាក់នេះប៉ុណ្ណោះ ដែលប្រឹងលេងអស់ពីសមត្ថភាព

អតីតវីរបុរសរបស់ក្រុមបិសាចក្រហមលោក Wayne Rooney បានលើកឡើងថា នៅពេល Manchester United ប្រកួតម្តងៗ មានតែកីឡាករ ៣ នាក់នេះប៉ុណ្ណោះ ដែលប្រឹងប្រែងអស់ពីសមត្ថភាព។

ជាការពិតណាស់ Rooney គឺជាកីឡាករ ដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុតគ្រប់ពេលវេលាឱ្យ Man UTD ហើយអតីតប្រធានរបស់ក្រុមជម្រើសជាតិ អង់គ្លេស រូបនេះក៏ជាកីឡាករដ៏ស្មោះស្ម័ក្រ និងមានឆន្ទៈខ្ពស់បំផុតរបស់ក្រុមម្ចាស់ជើងឯកលីគកំពូល អង់គ្លេស ២០ សម័យផងដែរ ខណៈលក្ខណៈស្នូលបែបនេះហើយដែលក្លិបកំពុងខ្វះខាតយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ ទាក់ទងនឹងរឿងខាងលើ Rooney បាននិយាយដោយបើកចំហរថា នៅក្នុងក្រុមបច្ចុប្បន្នមានតែ Harry Maguire, Fred និង Scott McTominay ដែលតែងតែប្រឹងអស់ពីសមត្ថភាព នៅពេល Man UTD លេងម្តងៗ។ លោក Rooney បានថ្លែងប្រាប់កាសែត Times Sport យ៉ាងដូច្នេះថា៖ “ខ្ញុំមិននិយាយអំពីកីឡាករទាំងអស់នោះទេ។ Maguire និង Fred ពួកគេតែងតែព្យាយាមអស់ពីសមត្ថភាព ចំណែក McTominay ប្រហែលជាមិនអាចឈានដល់កម្រិតររបស់ Scholes ឬ Carrick នោះទេ ប៉ុន្តែគាត់តែងតែចេញមកទទួលបាល់ ហើយព្យាយាមគ្រប់គ្រងបាល់តាមដែលអាចធ្វើទៅបាន…”៕