Ten Hag ទទួល​ស្គាល់​ ពេល​មាន Ronaldo បិសាច​ក្រហម​លេង​ល្អ

អ្នក​ចាត់​ការ​របស់ Manchester United លោក Erik ten Hag ​​បាន​ទទួល​ស្គាល់​ថា ក្រុម​របស់​លោក​លេង​​ល្អ​ឡើង​វិញ​​ពេល​មាន Cristiano Ronaldo លើ​ទីលាន។

Ronaldo បាន​ចាប់​ផ្ដើម​ជា​កីឡាករ​​បម្រុង​សម្រាប់​ការ​ប្រកួត Premier League ដំបូង​របស់ Man United ទល់​នឹង Brighton នៅ​ក្នុង​​កីឡដ្ឋាន Old Trafford និង​បាន​ចូល​លេង​​នៅ​វគ្គ​ទី​ពីរ។ ក្នុង​ការ​ប្រកួត​ចាញ់ Brighton ២-១ បិសាច​ក្រហម​រក​គ្រាប់​បាល់​បាន​នៅ​នាទី​៦៨ ពេល​ដែល Alexis Mac Allister ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង។ ក្នុង​ការ​ប្រកួត​នេះ​លោក Ten Hag បាន​​ទទួល​ស្គាល់​ថា ទម្រង់​លេង​របស់​ Man United បាន​ប្រសើរ​​ឡើង​​ពេល​ដែល​ប្ដូរ​ Ronaldo ចូល។ និយាយ​ប្រាប់ Sky Sport ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​អ្នក​ចាត់​ការ​សញ្ជាតិ​ហុល្លង់​​​លើក​ឡើង​ថា ច្បាស់​ណាស់​នៅ​វគ្គ​ទី​ពីរ United ​ប្រសើរ​ឡើង​វិញ​នៅ​តំបន់​កណ្ដាល​ពេល​ដែល​ទម្លាក់ Eriksen ចុះ និង​ដាក់​ Ronaldo ឲ្យ​ប្រយុទ្ធ។ ក្រុម​បាន​បង្កើត​ឱកាស​ល្អ​ៗ តែ​ស្ដាយ​មិន​អាច​រក​គ្រាប់​បាល់​បាន។ លោក​ក៏​​រំពឹង​ថា កម្លាំង​កាយសម្បទា​របស់ Ronaldo នឹង​ត្រលប់​មក​ពេញ​លេញ​ឆាប់​ៗ ក្រោយ​សម្រាក​មិន​បាន​លេង Pre-season។ វា​ត្រូវ​ការ​ពេលវេលា និង​មិន​អាច​បង្ខំ ដោយ​សារ​តែ Ronaldo ទើប​តែ​ហាត់​បាន​មួយ​សប្ដាហ៍។​ ប្រកួត​កាល​ពី​ម្សិលមិញ​នឹង​អាច​ជួយ​គេ​ឲ្យ​ប្រសើរ​​សម្រាប់​សប្ដាហ៍​ខាង​មុខ៕