Ten Hag ទម្លាយ​ថា Ronaldo ជា​ជម្រើស​ទី៤ នៃ​បេក្ខភាព​ប្រធាន​ក្រុម

អ្នក​ចាត់ការ​ក្លឹប Manchester United លោក Erik Ten Hag បាន​ទម្លាយ​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ​ Cristiano Ronaldo ជា​ជម្រើស​ទី៤ នៃ​បេក្ខភាព​ប្រធាន​ក្រុម​។

នៅ​ក្នុង​ប្រកួត​ប៉ះ​នឹង​ Aston Villa មតិ​ភាគ​ច្រើន​មាន​ភាព​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​ Ronaldo ពាក់​ស្លាក​ប្រធាន​ក្រុម ខណៈ​ពេល​ដែល​កីឡាករ​រូប​នេះ​ត្រូវ​បាន​សារព័ត៌មាន​រាយការណ៍​ថា​មាន​បញ្ហា​ជាមួយ​លោក Ten hag។ ក្នុង​ប្រកួត​នោះ​ដែរ Man Utd បាន​ចាញ់​ក្នុង​លទ្ធផល ៣-១។ ទាក់ទិន​នឹង​រឿង​នេះ​ដែរ​ លោក Ten hag បាន​លើកឡើង​ថា៖ «Harry Maguire ដែល​ជា​ប្រធាន​ក្រុម​ បាន​អង្គុយ​នៅ​លើ​បង់។ បន្ត​ពី​នោះ​គឺ David De Gea ដែល​មាន​តួនាទី​ជា​មេដឹកនាំ​ដែរ តែ​នៅ​ចាំ​ទី ដែល​ឆ្ងាយ​ពី​កីឡាករ​ដទៃ​ពេក»។ លោក​បាន​បន្ថែម​ថា៖ «បន្ត​មក​ទៀត​ Casemiro ក៏​មាន​អត្តចរិត​ជា​មេដឹកនាំ​ដែរ ប៉ុន្តែ​គេ​និយាយ​អង់គ្លេស​មិន​សូវ​ច្បាស់ ដូច្នេះ​ហើយ​ជម្រើស​បន្ត​មក​ទៀត​នោះ​គឺ​មាន​តែ​ Ronaldo នេះ​ឯង»៕