Thiago Alcantara ប្រឈមនឹងអវត្តមានជាច្រើនសប្ដាហ៍ ដោយសាររបួស

ខ្សែបម្រើ Thiago Alcantara របស់ Liverpool ត្រូវបានគេរំពឹងថានឹងអវត្តមានជាច្រើនសប្តាហ៍ ដោយសាររបួសសរសៃពួរក្នុងការប្រកួតបើកឆាក Premier League កាលពីថ្ងៃសៅរ៍។

កីឡាករសញ្ជាតិអេស្បាញវ័យ 31 ឆ្នាំរូបនេះ ត្រូវបានប្ដូរចេញ បន្ទាប់ពី 51 នាទីនៃលទ្ធផលស្មើ 2-2 ជាមួយ Fulham នៅកីឡដ្ឋាន Craven Cottage ។

គេនឹងធ្វើការស្កេនជាលើកទីពីរនៅចុងសប្តាហ៍នេះ បើទោះបីជា Liverpool មិនចាត់ទុកថារបួសធ្ងន់ធ្ងរក៏ដោយ។ Liverpool គ្មានខ្សែបម្រើ Curtis Jones និង Alex Oxlade-Chamberlain រួចទៅហើយ។

Liverpool ប្រកួតជាមួយ Crystal Palace, Manchester United, Bournemouth និង Newcastle នៅខែសីហានេះ មុនពេលទៅជួប Everton នៅដើមខែកញ្ញា៕