West Ham ទិញ​បាន​ដៃ​គូ​ប្រយុទ្ធ​​​របស់ Neymar នៅ​ជម្រើសជាតិ​ប្រេស៊ីល

ក្លឹប West Ham ប្រកាស​ទិញ​បាន​ខ្សែ​បម្រើ​ប្រយុទ្ធ Lucas Paqueta ពី​ក្លឹប Lyon ដោយ​ផ្ដល់​កុងត្រា​រយៈពេល​៥​ឆ្នាំ។

កីឡាករ​វ័យ​២៥​​ឆ្នាំ​​​ដែល​​​នឹង​ក្លាយ​ជា​ផ្នែក​ក្នុង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​សម្រាប់​ព្រឹត្តិការណ៍ World Cup ឆ្នាំ​នេះ​បាន​​ចូលរួម​ជាមួយ West Ham ផ្លាស់​ពី​ក្លឹប Lyon។ កិច្ចព្រមព្រៀង​​​ដំបូង​មាន​តម្លៃ​ខ្លួន​៣៦,៥​លាន​ផោន ហើយ​អាច​កើន​ដល់​​ជាង​៥០​លាន​ផោន​​ជាមួយ​ប្រាក់​បន្ថែម​លើក​ទឹក​ចិត្ត​ផ្សេង​ៗ។​Paqueta ចូលរួម​ជាមួយ Lyon ក្នុង​តម្លៃ​ខ្លួន​១៧​លាន​ផោន​កាល​ពី​ឆ្នាំ​២០២០ បន្ទាប់​ពី​ចំណាយ​ពេល​១៨​ខែ​លេង​នៅ AC Milan។ កីឡាករ​ដែល​ជា​ដៃ​គូ​របស់ Neymar ក្នុង​ក្រុម​ជម្រើស​ជាតិ​បាន​និយាយ​ថា គេ​សង្ឃឹម​វា​គឺ​ជា​ការ​ចាប់​ផ្ដើម​​ដំណើរ​ដ៏​រីករាយ​មួយ​សម្រាប់​ការ​ផ្លាស់​មក​កាន់ West Ham។ Paqueta រក​​បាន​៩​គ្រាប់​ និង​ Assist បាន​៦​គ្រាប់​ក្នុង​ការ​​បង្ហាញ​ខ្លួន​៣៥​ប្រកួត​នៅ Ligue 1 កាល​ពី​រដូវ​កាល​មុន៕